ប្រាប់មិនចេះស្ដាប់ទាល់តែចឹង! បុរសម្នាក់ជិះម៉ូតូ គេចគោលដៅ ត្រួតពិនិត្យចត្តាឡីស័ក ត្រូវផាកពិន័យ ១លានរៀល

0

ភ្នំពេញ៖ បុរសម្នាក់ ដែលជិះម៉ូតូមួយគ្រឿង មានគោលដៅ ពីខេត្តព្រះសីហនុ ទៅខេត្តកំពត ហើយបានជិះគេចគោលដៅ ត្រួតពិនិត្យចត្តាឡីស័ក ត្រង់ចំណុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ ចំនួន ១លានរៀល។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចស្រុកព្រៃនប់ បានអោយដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ជនដែលរងការពិន័យនេះ មានឈ្មោះ ភុល សារ៉ូ ភេទប្រុស ដែលបានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-1335 គេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។

អនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ កំណត់ឱ្យផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

របាយការណ៍បន្ថែមថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

អាជ្ញាធរស្រុកព្រៃនប់ ថែមទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕