ឡានដឹកពលករពីថៃ មកធ្វើចត្តាឡីស័កតាមខេត្ត អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ស្រាល ១០នាក់

0

ភ្នំពេញ៖ រថយន្តយោធាកងពលលេខ៩៩ ដឹកកម្មករ ៩នាក់មក ពីប្រទេសថៃយកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ និងកំពត បានក្រឡាប់ផ្ងារជើង បណ្តាលឲ្យពលករខ្មែរម្នាក់ រងរបួសត្រង់ក្បាលធ្ងន់ និងតៃកុងឡានរបួសធ្ងន់ធ្ងរបាក់ដងកំបិតនៅវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំនុចខាងជើងស្ពានស្លារគូ ស្ថិតក្នុងបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា រថយន្តដឹកកម្មកររបស់កងពលលេខ៩៩ ចេញពីព្រំដែនច្រកអូស្មាច់ ដើម្បីយកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ ស្រាប់តែមកដល់ចំនុចកើតហេតុបានជួបគ្រោះថ្នាក់ ដោយក្រឡាប់ផ្ងាជើង ដែលបណ្តាលអោយកម្មករ៩ នាក់ ៨នាក់របួសស្រាល ១នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងតៃកុងឡានរងរបួសធ្ងន់បាក់ដងកាំបិត ។

ក្នុងនោះមានកម្មករជាស្ត្រីចំនួន៥ ប្រុស៤ ហើយក្នុងចំណោមពលករទាំង៩នាក់នោះ គឺ៥នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ខេត្តកំពត និង៤ យកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តតាកែវ ។

លោកស្នងការ បន្ថែមថា ករណីក្រោះថ្នាក់ក្រឡាប់ រថយន្តខាងលើនេះផងដែរ បន្ទាប់ពីរទទួលបានដំណឹងភ្លាម លោកក៏បានចាត់ឲ្យកម្លាំងរបស់លោកចុះ ទៅធ្វើការសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះហើយដែរ ៕