ភ្នំពេញ៖ កូនប្រុសមេការក្រុមហ៊ុនចម្ការចេក ធ្វើសកម្មភាពចាប់រំលោភកូនស្រីកម្មករ ក្រុមហ៊ុនចម្ការចេក បានសម្រេចហើយរត់គេចខ្លួន ទៅស្រុកកំណើតបាត់ស្រមោល ។
យោងតាមរបាយការណ៍ពី នគរបាលស្រុកលំផាត់ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស យ៉ុង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេកវៀតណាម បច្ចុប្បន្នរស់នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានប្ដឹងរាយការណ៍ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១និង០០នាទី ឈ្មោះ រ៉ន សុខលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក ត្រូវជាកូនប្រុសបង្កើតមេការក្រុមហ៊ុនចម្ការចេក ឈ្មោះ ឆាន រ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ មកចាប់រំលោភកូនស្រីរបស់ខ្លួនឈ្មោះ ឡ.ស.ឡ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះស្នាក់នៅរបស់កម្មករ ស្ថិតនៅក្នុងភូមិ/ឃុំខាងលើ រួចបានរត់គេចខ្លួនទៅស្រុកកំណើតវិញនៅឯភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាត់ទៅហើយ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចកំពុងសហការជាមួយសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំង ដើម្បីតាមចាប់ខ្លួនជនសង្ស័យនេះ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕