ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ស្ត្រីម្នាក់នៅក្នុងផ្ទះជាមួយ និងបុរសម្នាក់ជាអ្នករាំឲ្យតារាចម្រៀង សុគន្ធ និសា បានឆ្លងជំងឺកូវីដ១៩ ។
លោក ជា ពិសី បានសរសេរលើហ្វេសប៊ុក កាលពីម្សិលមិញថា មានអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង១៤និង០០នាទីរសៀល) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ អ្នកជម្ងឺ ជាស្ត្រី អាយុ២២ឆ្នាំ និងជាអ្នករស់នៅក្នុងផ្ទះជាមួយ អ្នកជម្ងឺ ឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធក្នុងផ្ទះដទៃទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងនេះដដែល ក្នុងនោះ អាជ្ញាធរ ក៏កំពុងបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ ។
មានអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង១៩និង៣០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាបុរស អាយុ២២ឆ្នាំ និងជាក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា មានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យរបេង។ រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ០៥ នាក់ (ស្រី០១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែក ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្នផងដែរ ៕





