ភ្នំពេញ៖ អ្នកនាង សេន ចិន្តា ហៅស្រីអ៊ីត ដែលមហាជនទូទៅស្គាល់ថា ជាតារាកំប្លែងល្បីមួយរូប របស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយពែកមី នោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។
តាមរយៈលោក ហេង ឡុហ បានអោយដឹងថា ពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ពិតមែន ដោយបច្ចុប្បន្នកំពុងតែសម្រាក ព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។
ស្រីអ៊ីត បានបន្តថា ក្រុមគ្រូពេទ្យបានទៅយករូបនាង ពីផ្ទះដែលមានអាស័យដ្ឋាន នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោល ជាមួយនឹងតារាចម្រៀង វី ឌីណែត។
តារាកំប្លែងស្រីអ៊ីត ដែលមានឈ្មោះពិតថា សេង ចិន្តា អាយុ៣៩ឆ្នាំ បានអះអាងទៀតថា ទោះបីជារូបនាងមានវិជ្ជមានកូវីដ-១៩ក្តី ប៉ុន្តែនាងពុំមានអារម្មណ៍ភិតភ័យ ឬខ្លាចរអានោះទេ ហើយមនុស្សម្នាក់ៗ ក៏មិនចង់កើតជំងឺនេះដែរ។ នាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យ រីករាលដាលកាន់តែធំទាំងអស់គ្នា ៕





