ភ្នំពេញ៖ ក្មេងទំនើងពីរក្រុម ប្រើពាក្យសំដីឌឺដង ដៀមដាមដាក់គ្នាតាមបណ្តាញសង្គម Tik Tok មិនអស់ចិត្ត ក៏បើកការ ប្រយុទ្ធគ្នាលើដងផ្លូវ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ ខ្លួនបញ្ជូនទៅតុលាការ។
យោងតាមស្នងការដ្ឋានខេត្តបាត់ដំបង បានអោយដឹងថា អនុវត្តន៍តាម បទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមបានការសម្របសម្រួល លើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋានបានដឹកនាំ កម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការរដ្ឋាន នគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកបង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់និងគប់លើម៉ូតូ) ចំនួន១ ករណី ដែលកេីតឡេីងកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ២០២ ១ វេលាម៉ោង១៦និង២០ នាទី នៅចំណុចមុខផ្ទះលក់ គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតា ច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចកម្លាំងបានធ្វើ ការ នាំខ្លួនជនសង្ស័យចំនួន២ ក្រុមមានគ្នាចំនួន ១៥នាក់ គឺក្រុម Boy Srerចំនួន ៨នាក់ នឹងក្រុម Boy Loy ចំនួន៧នាក់ ។
-វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ខៀវ ស ពាក់ស្លាក លេខ បាត់ដំបង 1AK 7980 ចំនួន ១គ្រឿង
– ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1N 8871 ចំនួន ១គ្រឿង
– កាំបិតខ្វែវដងឬស្សី ប្រវែង ១ម៉ែត្រ ចំនួន ១ដើម
– ដុំឥដ្ឋចំនួន២ដុំ
សូមជម្រាបជូនថា មូលហេតុដែលជនសង្ស័យ ចំនួនពីរក្រុមខាងលើនេះ មានទំនាស់ជាមួយគ្នាគឺមកពី ការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នា តាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែង នៅលើសមរភូមិដងផ្លូវ ក្នុងមូលដ្ឋានខាងលើតែម្តង។
បច្ចុប្បន្នការិយាល័យ ជំនាញកំពុង កសាង សំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕