ភ្នំពេញ៖ ក្រៅពីតារាចំរៀងល្បីៗមួយចំនួន ត្រូវបានឆ្លងជំងឺកូវីដ១៩ ហើយក៏មានមួយចំនួន បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ដែលតម្រូវអោយធ្វើចត្តាឡីស័ក ចំនួណ១៤ថ្ងៃផងដែរនោះ ក្រុមគ្រួសារតារាចំរៀង ជើងចាស់ ហូ ឡាវី នៅតែបន្តធ្វើចត្តាឡីស័ក ទោះបីលទ្ធផលលើកទី១ អវិជ្ជមាន។
តាមរយៈហ្វេសប៊ុក Vy DyNeth HM ដែលគេដឹងថា ជាកូនស្រីបង្កើតរបស់លោក ហូ ឡាវី បានសរសេរថា «នៅពេលនេះលទ្ធផលសំណាក របស់លោកប៉ាគឺអវិជ្ជមាន រួមទាំងសមាជិកគ្រួសាររបស់ នាងខ្ញុំផ្សេងទៀតក៏អវិជ្ជមានដែរ តែទោះជាយ៉ាងណាក៏ក្រុមគ្រួសារ នាងខ្ញុំនៅតែបន្តធ្វើចត្តាឡីស័ក ដើម្បីរង់ចាំការធ្វើសំណាកជាលើកទីពីរផងដែរ សូមទេវតាតាមថែរក្សាក្រុមគ្រួសារខ្ញុំផង»៕




