ភ្នំពេញ៖ ក្មេងចាស់ប្រុសស្រីជិត ៧០នាក់ មានអាការក្អួតចង្អោររាគរុសរត់ចូលបង្គន់ជា ច្រើនដងបង្កឱ្យមានការ ភ្ញាក់ផ្អើលទាំងយប់ក្រោយ ពីបានចូលរួមហូបអាហារ ពេលយប់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ មួយកន្លែង នៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយអ្នកខ្លះបានហូបបង្អែម ហើយខ្លះទៀតបានយកបង្អែម ទៅផ្ញើឪពុកម្តាយប្តីប្រពន្ធ និងកូននៅឯផ្ទះ ខណៈគេសង្ស័យថា នៅក្នុងបង្អែមនៃ ពិធីមង្គលការនោះ មានសារធាតុពុល ។
ប្រជាពលរដ្ឋទាំង ៦៥នាក់ខាងលើ ដែលគេសង្ស័យពុលបង្អែមនេះ មានអ្នកខ្លះធ្ងន់ធ្ងររហូតដល់ព្យួរសេរ៉ូម អ្នកខ្លះស្រាលគ្រាន់តែចាក់ថ្នាំ និងសម្រាកនៅក្នុងពេទ្យបន្តិចក៏ត្រឡប់ទៅផ្ទះវិញ ។
ទោះបីជាយ៉ាងណារហូតមក ដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលគេសង្ស័យពុលបង្អែមខាងលើ ត្រូវបានចេញទៅផ្ទះរៀងៗខ្លួន អស់ហើយ នៅសល់ប្រហែល ៤ ទៅ ៥នាក់ ប៉ុណ្ណោះកំពុងសម្រាក នៅមណ្ឌលសុខភាព និងគ្លីនិកឯកជន ៕



