កុំប្រហែសឲ្យសោះ! លោកស្រី ឱ វណ្ណឌីនថា នៅមានអ្នកជំងឺកូវីដ១៩ មួយចំនួនទៀត ស្ថិតក្នុងសភាពធ្ងន់ធ្ងរ

0

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ១៩បម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់ បានគ្រប់ពេលវេលាដែលថ្មីៗនេះយេីងមានករណីស្លាប់ម្នាក់រួចទៅហេីយ ហើយក៏នៅមានអ្នកដែលស្ថិតក្នុង សភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះ យ៉ាងមមាញឹកជាទីបំផុត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១២៦៤នាក់ អ្នកជាសះស្បើយ ៦២៣នាក់ អ្នកកំពុងព្យាបាល ៦៣៩នាក់ និងអ្នកស្លាប់ម្នាក់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វេីការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លេីស្ថានភាពឆ្លងបច្ចុប្បន្ននេះព្រោះវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហេីយ។

តាមរយៈសារអំពាវនាវនៅថ្ងៃទី១៣ មីនា នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា ពេលនេះ នៅផ្ទះ និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡេីងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុតដែលជាវិធានការជួយដល់ ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ជ្រេីសរេីសយកការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសេីរជាជាងការឆ្លង ហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ៕