អ្នកនាំពាក្យក្រសួងសុខាភិបាល៖ បញ្ឈប់ការជួបជុំ ឬពន្យារពេលរៀបចំ ពិធីនានាល្អប្រសើរជាជាង ឆ្លងកូវីដហើយអាចស្លាប់គ្រប់ពេលវេលា

0

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះព្រោះវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។

តាមរយៈសារអំពាវនាវនៅថ្ងៃទី១៣ មីនានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា ពេលនេះនៅផ្ទះ និងកុំធ្វើការចល័តពីកន្លែង មួយទៅកន្លែងមួយ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់ បាននូវការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា «ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំ ពិធីនានាល្អប្រសើរជាជាងការឆ្លង ហើយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។ សូមចងចាំថា វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់ បានគ្រប់ពេលវេលាដែលថ្មីៗនេះយើង មានករណីស្លាប់មួយនាក់រួចទៅហើយ ហើយក៏នៅមានអ្នកដែលស្ថិតក្នុង សភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែល ក្រុមគ្រូពេទ្យកំពុងតែជួយ សង្រ្គោះយ៉ាងមមាញឹកជាទីបំផុត»។

អ្នកនាំពាក្យក្រសួងសុខាភិបាលបន្ថែមថា សូមបងប្អូនថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះ សូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះ កន្លែងនោះ ដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះ ខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។ ដំណាក់កាលនេះជាដំណាក់លំបាក ដែលបុគ្គលគ្រប់រូបមានកាតបព្វកិច្ចចាំបាច់ ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលើនេះជាដើមហើយ រួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល និងមិនដឹងថានៅទីណានោះ ទាំងអស់គ្នា ដែលយើងអាចឆ្លងកាត់ការ លំបាកនាពេលនេះទាំងអស់។

បរាជ័យ ឫជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា និងសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ បម្លែងថ្មីនាពេលនេះផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២៦៤ នាក់ អ្នកជាសះស្បើយ ៦២៣នាក់ អ្នកកំពុងព្យាបាល ៦៣៩នាក់និងអ្នកស្លាប់ម្នាក់៕