Home សង្គម ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង ប្រតិកម្មធ្ងន់ៗថា អភិបាលស្រុកមោងឫស្សី ពូកែតែខាងរាយការណ៍មិនពិត តែមិនពូកែធ្វើទេ

ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង ប្រតិកម្មធ្ងន់ៗថា អភិបាលស្រុកមោងឫស្សី ពូកែតែខាងរាយការណ៍មិនពិត តែមិនពូកែធ្វើទេ

0

ភ្នំពេញ៖ បន្ទាប់ពីលោក ទេព ហន អភិបាលស្រុកមោងប្ញស្សី ស្នើទៅលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង សុំអន្តរាគម៍ជួសជុលប្រឡាយមេលេខ៦ ដែលរងការខូចខាតដោយសារ ទឹកជំនន់កាលពីចុងរដូវវស្សា ឆ្នាំ២០២០នោះ ស្រាប់តែលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ចេញប្រតិកម្មធ្ងន់ៗថា អភិបាលស្រុករូបនេះដែល មិនក្តាប់បានបញ្ហានៅក្នុងមូលដ្ឋាន និង មិនដែលសហការជាមួយជំនាញទេ តាមការពិតប្រឡាយនេះ មន្ទីរបានជួសជុលរួច យូរមកហើយ ។

លោក ទេព ហន អភិបាលស្រុកមោងប្ញស្សី
                                                                  លោក ទេព ហន អភិបាលស្រុកមោងប្ញស្សី

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកអភិបាលស្រុកមោងប្ញស្សី បានធ្វើលិខិតលេខ ០១៣.២១ លស ស្នើទៅលោកអភិបាលខេត្តបាត់ដំបង សុំអន្តរាគមន៍ជួសជុល ប្រឡាយមេលេខ៦ (ប្រព័ន្ធកង្ហត) ដែលបាក់ ដាច់ពេលទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០ នៅភូមិកោះចារ ឃុំកកោះ ដល់ភូមិប្រឡាយ ឃុំមោង ចំនួន ១១កន្លែង ដែលក្នុងនេះមានខូចខាតធ្ងន់មួយកន្លែង មានបណ្តោយ ១០ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅ១,៥០ ម៉ែត្រ និង ១០កន្លែងផ្សេងទៀត ខូចខាតមធ្យម និងតិចតួច ។

                              លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង (ឈរពាក់អាវពណ៌ទឹកប៊ិច)

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានថ្លែងប្រាប់ រស្មីកម្ពុជានៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា ប្រឡាយមេបេតុង លេខ៦ ដែលរងការខូចខាត ដោយសារទឹកជំនន់ កាលពីចុងរដូវវស្សា ឆ្នាំ២០២០ បានជួសជុលរួចតាំងពីក្រោយពេលទឹកជំនន់ ស្រកផុត អស់ទៅវិញម្ល៉េះ ។ ពេលនេះការនាំទឹកសម្រាប់ ប្រើប្រាស់ ពីទំនប់ពហុបំណងមានចម្ងាយដល់ជាង ១០០គីឡូម៉ែត្រ បានមកដល់ស្ទឹងមោង គ្រប់គ្រាន់អស់ហើយ ។

លោកប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថា «លោក អភិបាលស្រុក ដែលបានស្នើទៅអភិបាលខេត្ត សុំអន្តរាគមន៍ជួសជុលប្រឡាយមេលេខ៦ គឺជាអភិបាលស្រុក ដែលមិនក្តាប់បានបញ្ហានៅក្នុងមូលដ្ឋាន និងមិនដែលបានសហការជាមួយជំនាញទេ ពូកែតែខាងរាយការណ៍មិនពិតតែ មិនពូកែធ្វើទេ» ៕

Previous articleឆេះអគារខុនដូរមួយកន្លែង នៅខណ្ឌឫស្សីកែវ ទាំងកណ្ដាលអធ្រាត្រ
Next articleកាន់តែធ្ងន់ហើយ រកឃើញរាល់ថ្ងៃ! មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ៣៩នាក់បន្ថែមទៀត