វិធានការ៣ចំណុច របស់មេបក្សយុវជនកម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាល COVID-19

0

ភ្នំពេញ៖ នៅក្នុងស្ថានភាពដ៏អាក្រក់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩រហូត ឈានដល់មានករណីស្លាប់បាត់ជីវិត លើកដំបូងសម្រាប់កម្ពុជា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាវិធានការ៣ចំណុច ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាល ជំងឺCOVID-19 នេះ។

វិធានការទាំង បីចំណុចដែលលោក ពេជ្រ ស្រស់ លើកឡើងរួមមាន៖
១. បិទរាជធានីភ្នំពេញ3ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់ មេរោគCovid-19 នៅកន្លែងសាធារណៈ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលមានមនុស្សច្រើនធ្វើការ។
២. ចេញបំរាមហាមជួបជុំគ្នា លើសពីមនុស្ស ៥នាក់ នៅគ្រប់ទីកន្លែងក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដាន ការរីករាលដាល នូវមេរោគCOVID-19នៅភ្នំពេញ។
៣. ហាមមនុស្សចេញចូល ពីរាជធានីភ្នំពេញទៅខេត្ត នានាក្នុងរយៈពេល១៤ថ្ងៃសិន ដើម្បីកាត់ផ្តាច់មេរោគ COVID-19 ឆ្លងទៅខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែចំពោះអ្នកដឹកទំនិញ គ្រូពេទ្យ និង កងកម្លាំង គ្រប់ប្រភេទគឺអនុញ្ញាតឲ្យមានការចេញចូលធម្មតា។ ក្នុងកាលៈទេសៈនេះរដ្ឋាភិបាលគួរធ្វើការសម្រេចចិត្ត ឲ្យទាន់សភាពការណ៍COVID-19 គឺដើម្បីបញ្ចប់ការ រីករាលដាលនូវមេរោគCOVID-19នៅទូទាំងកម្ពុជា។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ក៏បានលើគឡើងផងដែរថា ខណៈនេះមេរោគ COVID-19 បានឆក់យកជីវិត បងប្អូនខ្មែរយើងម្នាក់ ទៅបាត់ហើយដូច្នេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ដោយ គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលនិង កុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់ ជាពិសេសត្រូវតែ អនាម័យជាប្រចាំ ដើម្បីកម្ចាត់មេរោគCOVID-19។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១១៦៣ នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប៥៩៧ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៥៦៥ នាក់ និងមានអ្នកស្លាប់ម្នាក់ជាលើកដំបូង៕