ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានប្រកាសដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយ

0

ភ្នំពេញ៖សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២១ បានចុះហត្ថលេខាដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ  និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។

ច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅ ការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងការកាត់បន្ថយ ឲ្យបានជាអតិបរមានូវ ផលប៉ះពាល់ នៃជំងឺឆ្លងនេះ ចំពោះវិស័យ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។

អនុលោមតាមជំពូកទី៣ មាត្រា៣២ និង ជំពូកទី៤ មាត្រា៥២ រដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់នេះ បង្ហាញពីឆន្ទៈ របស់ រាជរដ្ឋាភិបាល ក្នុងការ លើកកម្ពស់ ការទទួលខុសត្រូវ ចំពោះភាពរស់រានមាន ជីវិត របស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងប្រឈមនឹងការគំរាមកំហែង ពីការ រីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ។

ច្បាប់នេះ មាន៦ ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូង ចំនួន៨៣សំឡេង នៃ ចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភាអនុម័ត នៅថ្ងៃទី១១ មីនា នេះផងដែរ ៕