លោក ហ៊ុន ម៉ានី រន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ក្រោយទទួលដំណឹងថា មានបុរសខ្មែរម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រោយមានបុរសជនជាតិខ្មែរ ស្លាប់ដោយសារ ជំងឺកូវីដ១៩ ជាលើកដំបូង នៅកម្ពុជា អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី មានក្ដីរន្ធត់ សោកស្ដាយចំពោះការស្លាប់នេះ និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី១១ មីនានេះថា «ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មាន អំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ម្នាក់ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារជំងឺកូវីដ-១៩។ ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំនេះ ជាករណីទី១ សម្រាប់កម្ពុជាហើយក៏បានបញ្ជាក់ និងបង្ហាញច្បាស់លាស់ពីហានិភ័យ ដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចមនុស្សទូទៅនៅលើពិភពលោក។ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ» ។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត ដែលជាករណីស្លាប់លើកទី១ នៅកម្ពុជា។

 

ក្រសួងបន្តទៀតថា សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ សពនេះ ត្រូវបានរកឃើញថា មានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៕