ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន ២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន ១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន ១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿន គេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿង ចាត់ការតាមវិធានការច្បាប់។
យោងតាមរបាយការណ៍ សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោ៖
១.ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចំការដូងប្រេង ត្រូវបាន មនុស្សប្រុស ៣ នាក់(ជនជាតិខ្មែរ) ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀត តាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅ ត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះបានបើកបរវាងតាមផ្លូវល្បឿន ក៏ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ទុកដើម្បីធ្វើការសួរនាំ ដោយឡែកអ្នករួមដំណើរត្រូវបាន សមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។
២.ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ ៥៦ ឆ្នាំ បើកបររថយន្ត ០១ គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកអ្នកដំណើរចំនួន ៣ នាក់ប្រុស(ជនជាតិខ្មែរ) មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ចបានឃាត់រថយន្តគាត់ ដោយឱ្យត្រឡប់ក្រោយវិញ ពេលនោះអ្នកបើកបររូបនេះ បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះ វាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចបានឃើញ និងឃាត់ខ្លួនរួមទាំងរថយន្តមកកាន់ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសាកសួរបន្ត។
រថយន្ដទាំង២ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ ការតាមវិធានការច្បាប់។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើង ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕