ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ជាលើកដំបូងហើយ គឺជាបុរសជនជាតិខ្មែរ មានអាយុ ៥០ឆ្នាំ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង នៅថ្ងៃទី១១ មីនានេះបានឲ្យដឹងបន្តថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត ដែលជាករណីស្លាប់លើកទី១ នៅកម្ពុជា។
ក្រសួងបញ្ជាក់បន្ថែមថា សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ សពនេះ ត្រូវបានរកឃើញថា មានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៕