បាត់ដំបង៖ ពលករខ្មែរចំនួន២០នាក់ នៅដែលចេញពីប្រទេសថៃ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចនាំខ្លួន ប្រគល់ឱ្យគ្រូពេទ្យ អនុវត្តវិធានការសុខាភិបាល។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នា២០២១ កម្លាំងនគរបាល សហការជាមួយកម្លាំង យោធាបានឃាត់ខ្លួន ពលករខ្មែរចំនួន២០នាក់ ដែលវិលត្រឡប់មកពី ប្រទេសថៃ។ ពលករទាំងនេះ បានធ្វើដំណើរ ដោយថ្មើរជើង តាមផ្លូវកាត់ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ របស់រាជរដ្ឋាភិបាល។
មន្ត្រីដដែលបានបន្តថា ពលករដែលប្រុង មិនព្រមចូលធ្វើចត្តាឡីស័កនេះ នៅថ្ងៃកើតហេតុ បានលបលួចចេញ តាមច្រករបៀងចំនួន២ គឺនៅត្រង់ចំណុចភូមិចម្ការត្រប់ ក្នុងឃុំបារាំងធ្លាក់ សស្រុកភ្នំព្រឹក និងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្ត្រីនគរបាល បានបញ្ជាក់ដែរថា កម្លាំងបាន ប្រគល់ពលករខ្មែរ២០នាក់នេះទៅ មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ ៣២ ពិនិត្យសុខភាព និងយកវត្ថុសំណាក។ ក្នុងនោះ តម្រូវឱ្យតាមដានរយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ ៕