អ្នកប្រើប្រាស់ គួរតែលុបកម្មវីធី Android ទាំង ៨នេះ ចេញពីទូរស័ព្ទជាបន្ទាន់ បើមិនចង់មានបញ្ហា…

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធី Android ចំនួន៨ ដែលមានបង្កប់ជាមួយកម្មវិធីមេរោគ ដែលអាចឱ្យពួកជនខិលខូច ទាញយកទិន្នន័យទាក់ទងនឹង ធនាគារហើយថែមទាំងអាចគ្រប់គ្រង ទូរសព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។

ក្រុមជនខិលខូចបានប្រើវិធីផ្សេងៗ ដើម្បីចៀសវាងពីការឆែកមើលនិងតាមដានរបស់ Google Play Protect មានដូចជាការបង្កើតកម្មវិធី ក្លែងក្លាយដើម្បីអាចដាក់ចូលទៅក្នុង Google Play Store បាន ប៉ុន្តែក្រោយមកពួកគេក៏បានធ្វើបច្ចុប្បន្នភាព កម្មវិធីនោះដោយលួចបញ្ចូលកម្មវិធីមេរោគ។ ពេលខ្លះទៀតនោះគឺពួកគេ បានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption) ដើម្បីលាក់កូដដែលមានមេរោគ នៅក្នុងកម្មវិធីដើម្បីអាចបញ្ចូលទៅក្នុង Play Store តែម្ដង។

កម្មវិធីទាំង៨ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រាយការណ៍ទៅក្រុមហ៊ុន Google នៅថ្ងៃទី២៨ ខែមករា ហើយក្រុមហ៊ុនក៏បានធ្វើការ លុបចោលកម្មវិធីទាំងនោះចេញពី Play Store នៅថ្ងៃទី៩ ខែកុម្ភៈរួចមកហើយផងដែរ។ កម្មវិធីទាំង៨នោះរួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និង QRecorder។

ទោះបីជាក្រុមហ៊ុនបានលុបចោល កម្មវិធីទាំងនោះចេញពី Play Store ហើយក្ដីប៉ុន្តែដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែលុបចោល កម្មវិធីទាំងនោះចេញពីទូរសព្ទរបស់លោកអ្នក ឱ្យបានឆាប់រហ័ស ៕