អត់ចេះស្ដាប់គ្នាមែន! សូម្បីតែរថយន្តក្រឡុកស៊ីម៉ង់តិ៍ ក៏ឆ្លៀតបន្លំលួច ដឹកមនុស្សចេញ ពីខេត្តព្រះសីហនុដែរ

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី​៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅ សមត្ថកិច្ចត្រួតពិនិត្យ ត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាព ស្រុកព្រៃនប់ ឃាត់មកអធិការដ្ឋាន នគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមរបាយការណ៍ សមត្ថកិច្ចស្រុកព្រៃនប់ នៅថ្ងៃទី​១០ ខែមីនា​ ឆ្នាំ២០២១ ដូចខាងក្រោម៖  ឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តក្រឡុកស៊ីម៉ងត៌របស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ង់ត៌របស់ ក្រុមហ៊ុនខេស៊ីមែន គោលដៅ ពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត ដោយបានបន្លំ ដឹកអ្នកដំណើរម្នាក់ (ខ្មែរ) ជាបុគ្គលិកបំរើការនៅកាស៊ីណូ មួយកន្លែង នៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅ ត្រួតពិនិត្យ ក៏ត្រូវបានសមត្ថកិច្ច ឃើញក៏ឃាត់តែម្ដង។

រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមវិធានការច្បាប់។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាព សាធារណៈ របស់ជាតិ យើងត្រូវចាត់វិធានការ តាមផ្លូវច្បាប់ ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវ របស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕