ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញបុរសម្នាក់ឈ្មោះ ម៉ី ស៊ីថាន់ អាយុ២៧ឆ្នាំ ដែលមានករណីវិជ្ជមានកូវីដ-១៩ បានមកស្នាក់នៅក្នុងផ្ទះកម្មករ ក្នុងសិប្បកម្មឡដ្ឋមួយកន្លែង នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្រោយស្រាវជ្រាវ តាមដានឃើញលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចាត់ឲ្យមន្ត្រីសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណដែលបុរសខាងលើ បានមកស្នាក់នៅ និងរាយពាត់ដាក់ខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានសម្រេចបិទ ជាបណ្តោះអាសន្ន សិប្បកម្មឡឥដ្ឋដែលមានម្ចាស់ឈ្មោះ ឯក គឹមធួក និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសនេះមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ។ ចំពោះ អ្នកប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕



