បន្ទាន់! ច្បាប់ស្តីពី វិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នឹងត្រូវព្រឹទ្ធសភា យកដាក់ប្រជុំ នៅព្រឹកស្អែកនេះ

0

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្អែកព្រឹកនេះ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួនមួយ គឺពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នៅថ្ងៃទី១០ មីនា នេះ ថា «គណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពរបស់ លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបាន ពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត»។

សូមរំលឹកថា យោងតាមសេចក្តីថ្លែងហេតុនៃច្បាប់នេះ បានបង្ហាញថា ​ អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬ​គេច​ចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះពីការធ្វើចាត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចាត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះ បណ្តាលឱ្យមានការ ចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន៦ ជំពូក និង១៨មាត្រាត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

សេចក្តីព្រាងច្បាប់នេះនឹងក្លាយជា យន្តការមួយដ៏សំខាន់ក្នុងការកំណត់ អំពីវិធានការសុខាភិបាលវិធានការ រដ្ឋបាលនិងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត ប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺ នេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕