ក្រោយឃាត់ខ្លួន! អ្នកបើកតាក់ស៊ីឆ្លើយថា ខ្លួនស៊ីថ្លៃ ៣០០ដុល្លារ ដើម្បីដឹកស្រ្តីជនជាតិចិនម្នាក់ គេចពីគោលដៅត្រួតពិនិត្យ នៅព្រះសីហនុ

0

ភ្នំពេញ៖ អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ 2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ ។

យោងតាមចម្លើយសារភាព របស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េ ដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះ ដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ដោយអ្នកបើកបររថយន្តតាក់ស៊ីនេះ បានសន្យាឱ្យប្រាក់ទៅអ្នកបើក រថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្ត គេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។ ដោយសាររង់ចាំយូរពេកទើបខ្លួន បានទំនាក់ទំនងទៅខាងរថយន្ត ដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះ ឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការ តាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ សូមក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕