មានចឹងទៀត! គំនុំចាស់រើឡើង បុរសម្នាក់ដុតផ្ទះគូសត្រូវ ឆេះខ្ទេចគ្មានសល់

0

ភ្នំពេញ៖ ដោយសារតែគំនុំចាស់រើឡើង ធ្វើបុរសម្នាក់មោបាំង ដុតផ្ទះគូសត្រូវ ឆេះខ្ទេចគ្មានសល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ហេតុការនេះកើតឡើង កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅក្រុមទី៩ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ ឃឹម ខា ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ អឿន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងពីរនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ ការខូចខាតផ្ទះទំហំ ១២ម៉ែត្រគុណ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ។ រថយន្តម៉ាកកាមេរី ១គ្រឿង, រ៉ឺម៉កកង់បី ១គ្រឿង, ម៉ាស៊ីនកិនស្រូវ ១គ្រឿង, សម្ភារចៅមហាមួយឈុត, លុយនិងមាស ប្រាក់ចំនួន ១០លានរៀល ។ សរុបការខូចខាតប្រមាណ ៥ម៉ឺនដុល្លារ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ការលួចដុតផ្ទះនេះដោយសារតែ រឿងគំនុំចាស់។ ក្រោយពេលជនសង្ស័យសារភាព សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕