ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្រេចប្រកាសបិទ ការធ្វើដំណើរឆ្លងកាត់ បរិវេណភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ជាបណ្តោះអាសន្នសិន ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩នាក់ ។
យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែមីនា ឆាំ្ន២០២១ លោក គង់ សោភ័ណ្ឌ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន០៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលធ្វើតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩ ។
នៅទីនោះលោកអភិបាលខេត្ត បានដាក់បទបញ្ចា ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជំនាញចាត់វិធានការ ស្រាវជ្រាវបន្ទាន់ ដោយកំណត់មុខសញ្ញា ស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ និងដាក់ឲ្យបងប្អូន ទាំងនោះ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ឃុំពាមឧកញ៉ាអុង។
ចំពោះអ្នកជម្ងឺ វិជ្ជមានកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ រួចហើយ។ ដើម្បីគ្រប់គ្រងសភាពការណ៍នេះ លោកអភិបាលខេត្ត បានសម្រេចប្រកាសបិទ ការធ្វើដំណើរឆ្លងកាត់ បរិវេណភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្នសិន៕





