លើកនេះលែងសុំទោសរួចខ្លួនហើយ! ក្មេងទំនើង ២នាក់ ដែលជិះម៉ូតូទះក្បាលជនបរទេស ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

0

ភ្នំពេញ៖ ក្មេងទំនើងង​ ២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេស​ ត្រូវបានសមត្ថកិច្ចនៃ អធិការនគរបាលខណ្ឌជ្រោយចង្វារ រៀបចំសំណុំរឿងបញ្ជូន ទៅតុលាការ កាលពីម៉ោង​ ៨ព្រឹក​ ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២១នេះ​ ។

ជនសង្ស័យទី១ ឈ្មោះ លឹម ហុងឡេង ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ មុខរបរ នៅផ្ទះ ។ ជនសង្ស័យទី២ ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរ ជាងដែក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា(វាយក្បាល) លើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណ កំពុងជិះកង់ពិតប្រាកដមែន កាលពីវេលាម៉ោង ១៧:១០នាទី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប គឺជនសង្ស័យឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ដែលជិះម៉ូតូពីក្រោយគឺជា អ្នកធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ ឯជនសង្ស័យឈ្មោះ លឹម ហុងឡេង ជាអ្នកបើកម៉ូតូ ម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹកជនដៃដល់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងមធ្យោបាយធ្វើដំណើ (ម៉ូតូដែលជិះធ្វើសកម្មភាព) ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគបាលខណ្ឌជ្រោយចង្វារ បញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់​ ៕