ភ្នំពេញ៖ ក្រោយថ្នាក់លើកោះហៅ ស្ត្រីជាប៉ូលិសចរាចរ ទៅធ្វើកិច្ចសន្យាជាលើកទី២ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទូចឲ្យមេអង្គភាពដែលជាថ្នាក់លើ កុំធ្វើទុក្ខបុកម្នេញលើស្ត្រីរូបនោះខ្លាំងពេក ។
លោក ពេជ្រ ស្រស់ បានលើកឡើងលើ បណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹថ្ងៃទី១០ មីនានេះថា «ដោយសាររូបភាព ១សន្លឹកបំបៅកូន លោកស្រីប៉ូលីសត្រូវថ្នាក់លើ ហៅឲ្យធ្វើកិច្ចសន្យា ២ដង ខណៈនេះលោកស្រីប៉ូលីស រៀបរាប់ប្រាប់ខ្ញុំថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។ លោកនាយជាទីគោរព! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាព ជាកូនរបស់ស្រ្តីមួយរូប ខ្ញុំសូមលោកនាយមេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោកស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយត្រូវចិញ្ចឹមកូន គ្រប់កាលៈទេសៈបែបនេះ ហើយម្យ៉ាងវិញទៀតនោះលោកស្រីប៉ូលីស ដែលបានបំបៅកូននេះគឺ មិនបានប្រព្រឹត្តឲ្យខុសច្បាប់រដ្ឋទេ គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោង ការងារនៅពេលដែលកូនតូច ត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លានមិនស្គាល់ ពេលវេលាទេណាលោកនាយ ??? អ្វីដែលគួរអត់ឱនឲ្យបាន គឺសូមលោកនាយអត់ឱនឲ្យផងទៅ ពីព្រោះក្នុងនាមជាម្តាយគឺថាបែបនេះហើយ ដោយម្តាយតែងតែបំពេញ តម្រូវការឲ្យកូនគ្រប់ពេលវេលា» ។
សូមរំលឹកផងដែរ កាលពីយប់ម្សិលមិញ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា «ឱលោកនាយអើយលោកនាយ តើលោកនាយកើត ចេញពីនរណាទៅ ? បានជាលោកនាយមិនយល់ពី តម្លៃជាម្តាយសោះអញ្ចឹង លោកនាយគួរលើកទឹកចិត្ត ភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះ គាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុលោកនាយឲ្យគាត់ ធ្វើកិច្ចសន្យាបែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យ មនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីកាលះបង់របស់ម្តាយហើយឲ្យកូនៗគ្រប់រូបដឹងគុណផង ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមានបងប្អូនណាស្គាល់លោកស្រីប៉ូលីសដែលបំប៉ៅកូននេះ សូមជួយឲ្យគាត់ទាក់ទងមកខ្ញុំ ផងគឺខ្ញុំជួយលើកទឹកចិត្តគាត់50ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ ពីទឹកចិត្តជាម្តាយ។លេខខ្ញុំ 070 75 77 77»៕




