ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹងថា ពិធីការនីនៅក្នុងទូរទស្សន៍ ហង្សមាស អ្នកនាង កែវ ចាន់និមល និងគ្រួសារធ្វើតេស្ដវិជ្ជមាន ជំងឺកូវីដ១៩ ក៏មានការពាក់ព័ន្ធ ដល់តារាចម្រៀងមួយចំនួន នៅក្នុងផលិតកម្ម រស្មីហង្សមាសផងដែរ ។ចំពោះតារាចម្រៀងប្រុស ម្ចាស់ពាន cambodai idol លោក នី រតនា បានច្រានចោលចំពោះ ព័ត៍មានមិនពិត ដែលយករូបភាពចាស់ មកអះអាងថាក្រុមគ្រួសារលោក បានជួបជុំជាគ្រួសារអ្នកនាង កែវ ចាន់និមលក្នុងពេលថ្មីៗនេះ ។
លោក នី រតនា បានបង្ហោះសារ អមជាមួយរូបភាព តាមប្រពន្ធសង្គមហ្វេសបុកផេក ផ្ទាល់ខ្លូនថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទ នី រតនា និង ក្រុមគ្រួសារសូមអរគុណសម្រាប់ការព្រួយបារម្ភ និងយកចិត្តទុកដាក់របស់បងប្អូន ។ ដោយមានសារព័ត៌មានមួយចំនួន បានចុះថា ខ្ញុំបាទ និងក្រុមគ្រួសារបានជួបជាមួយបងនិមល នាពេលថ្មីៗនេះ ដូច្នេះខ្ញុំចង់ជម្រាបជូនបងប្អូនថាមិនមែនជាការពិតទេ ។ រូបភាពនេះ គឺក្រុមគ្រួសារខ្ញុំ បានជួបបងនិមល តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ គឺតាំងពីកូនមែលអាយុទើបបាន ៤ ខែ ហើយមួយរយៈចុងក្រោយនេះ ក៏ពួកខ្ញុំមិនបានជួបគ្នាដែរ ដោយសារជាប់ភារកិច្ចរៀងខ្លួន ។ យ៉ាងណាខ្ញុំបាទ និងក្រុមគ្រួសារ សូមជូនពរដល់បងស្រីនិមល និងក្រុមគ្រួសារ ឆាប់ជាសះស្បើយពីជំងឺ ហើយសូមបងប្អូនឈប់បន្តទំលាក់បន្ទុកឲ្យទៅខាងណា ព្រោះកូវីតវានៅជុំវិញខ្លួនយើង ដោយយើងមិនអាចដឹងមុនទេ ។ ជាចុងក្រោយ សូមបងប្អូនទាំងអស់គ្នាបង្កើនការការពារបន្ថែមទៀត ដើម្បីចៀសពីជំងឺកាចសាហាវមួយនេះ » ៕





