ក្ដៅៗ! ស្រ្តីជាអាជីវករម្នាក់ ឆ្លងកូវីដ-១៩ បានទៅលក់សំលៀកបំពាក់ នៅផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ នឹងអ្នកលក់សំលៀកបំពាក់ ក្នុងផ្សារបាត់ដឹងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺថា មានស្ត្រីម្នាក់ជាអាជីវករដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយបច្ចុប្បន្ន បាននិងកំពុង សម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថាកាលពីថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង១៣:០០ ដល់ម៉ោង ១៦:០០រសៀល អាជីវករខាងលើ បានយកសំលៀកបំពាក់ មកលក់នៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការបិទតូបលក់ដូរ សំលៀកបំពាក់ ក្នុងផ្សារបាត់ដឹងចំនួន ១២តូប ជាបណ្តោះអាសន្ន ហើយក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានចុះយកសំណាកអាជីវករចំនួន ២៥នាក់ (១៧នាក់ រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង៨នាក់ រស់នៅខេត្តកណ្តាល ស្រុកពញាឮ ៣នាក់និងស្រុកអង្គស្នួល៥នាក់) និងបានរៀបចំបញ្ជូន ពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ដើម្បីធ្វើការតាមដានសុខភាពជាបន្តផងដែរ៕