ចោរចិន គាស់ហាងលក់ម៉ូតូរបស់ខ្មែរ នៅព្រះសីហនុ លួចលុយបានជាង ១ម៉ឺនដុល្លារ

0

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលទាំង០៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជនជាតិចិន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចលុយនិងទ្រព្យសម្បត្តិ)។

លោកស្នងការនគរបាលព្រះសីហនុ បានឱ្យដឹងថាកាលពីវេលាម៉ោង ២នឹង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចហាងលក់ម៉ូតូលីម៉ុងគក់ ស្ថិតក្នុងក្រុមទី១៣ ភូមិ០៣ សង្កាត់០៤ ក្រុង/ខេត្តសីហនុ មួយកើតឡើង។ បង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ចំរឹងបង្អួចជាន់ទី៤ រួចចូលមកខាងក្នុងផ្ទះ ចុះទៅជាន់ខាងក្រោម ហើយចូលក្នុងបន្ទប់លក់គ្រឿងបន្លាស់ ធ្វើសកម្មភាពគាស់ថតតុ យកលុយដុល្លារចំនួន១៥០០០$, លុយខ្មែរមួយចំនួន, ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាកIPHONE 11PRO MAX ១គ្រឿង និងម៉ាកIPHONE 7PLUS ១គ្រឿង) រួចគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងជំនាញ ផែននគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តព្រះសីហនុ សហការជាមួយកម្លាំង អធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលទាំង០៤ បានស្រាវជ្រាវតាមជំនាញយ៉ាងយកចិត្តទុកដាក់ រហូតមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣នឹង០០នាទី ទើបកំណត់បានអត្តញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាជនជាតិចិន នៅចំណុចភូមិថ្មី ស្ថិតនៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ព្រមទាំងដកហូតសម្ភារវត្ថុតាងមួយចំនួន ដែលជាផលនៃអំពើចោរកម្ម។

ជនរងគ្រោះឈ្មោះ លី ឃុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ត្រលេខ 130222337 មានស្រុកកំណើតនៅភូមិ៣ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ មុខរបរអាជីវក មានទីលំនៅបច្ចប្បន្ន ស្ថិតនៅក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ សម្ភារបាត់បង់រួមមានៈ លុយដុល្លារ ចំនួន១៥០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក), លុយខ្មែរមួយចំនួន, ទូរស័ព្ទដៃចំនួន០២គ្រឿង។

ជនសង្ស័យឈ្មោះ Long LiLing ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនៈ(គ្មាន) មានស្រុកកំណើត គ័ង ចូវ នៃប្រទេសចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានជាក់ស្ដែងរួមមាន៖ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកIPHONE 11PRO MAX ពណ៌ស្លែ ០១គ្រឿង និងម៉ាកIPHONE 7PLUS ពណ៌ផ្កាឈូក០១គ្រឿង។ លុយដុល្លារចំនួន៩០០$ (ប្រាំបួនរយដុល្លារអាមេរិក)។ លុយខ្មែរចំនួន ២,៥៧០,០០០៛ (ពីរលាន់ហាសិបប្រាំពីរម៉ឺនរៀល)។ ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាក HUAWEI, កាតវីង ចំនួន០៧សន្លឹក, ប័ណ្ណបើកបរ០១សន្លឹក, កាបូបដៃពណ៌ខ្មៅ ចំនួន០១ និងកាបូបស្ពាយពណ៌ខ្មៅ០១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ន នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីវិធី ៕