ភ្នំពេញ៖ ជនរងគ្រោះ២នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លួចកាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ករណីនេះកើតឡើងនៅចំណុចខ្ទមចាំស្រែ នៅចំណុចបឹងបត់ប្ញស្សី ស្ថិតក្នុងភូមិផ្ទះកោះ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០២និង១៥នាទីរំឡងអាធ្រាត ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ។
តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបាននាំគ្នាទៅដេកចាំស្រែ នៅខ្ទមក្នុងចំណុចខាងលើជាធម្មតា លុះដល់ម៉ោង ២និង១៥នាទីយប់ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពកាប់មកលើពួកគេទាំងពីរនាក់ បណ្តាលឲ្យរងរបួសដូចនេះ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ទី១ឈ្មោះ ម៉ី កុសល ភេទប្រុស អាយុ២១ឆ្នាំ និងទី២ឈ្មោះ ត្រាន់ ចាន់នី អ្នកទាំងពីររស់នៅភូមិកំពង់រកា ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោកអធិការ បានបន្តថា ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះ បានពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីជួយអន្តរាគមន៍ ស្វែងរកជនបង្ក យកមកផ្តន្ទាទោស រកយុត្តិធម៌ជូនរងគ្រោះ ៕