ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ឲ្យដឹងថា លោកស្រី កែវ ច័ន្ទនិមល ពិធីការិនីដ៏ល្បីឈ្មោះប្រចាំ ទូរទស្សន៍ ហង្សមាស និងស្វាមី រួមទាំង កូនស្រី បានឆ្លងជំងឺកូវីដ១៩ ខណៈតារាល្បីៗមួយចំនួនទៀត កំពុងចេញរោគសញ្ញា ។
ចំពោះក្រុមគ្រួសារពិធីការិនី កែវ ចាន់និមល ត្រូវបាន ក្រុមគ្រូពេទ្យ ចុះទៅយកសំណាក ដល់ផ្ទះនៅបុរី អ័រគីដេ ក្នុងខណ្ឌសែនសុខ ផ្លូវ២០០៤ ជិត សាលារៀន ណតប្រ៊ីដ ទាំងយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។
លោកអធិការខណ្ឌមានជ័យបន្តថា ពិធិការិនី កែវ ចាន់និមល ប្រាប់ថា បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។
លោកបន្ថែមថា លោកស្រី កែវ ច័ន្ទនិមល បាន ឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។ រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការ តាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។
លោកបញ្ជាក់ថា លោកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន ។