ភ្នំពេញ៖ នៅទីបំផុត ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅថ្ងៃទី៨ ខែ មីនា នេះបានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ ដែលជាសន្ដិសុខ នៅសណ្ឋាគារសុខា ដែលបានអនុញ្ញាត ឲ្យស្ដ្រីជនជាតិចិន លួចចេញពីមណ្ឌល ចត្តាឡីស័ក ដែលបានបង្កើតអោយមាន ព្រឹត្តការណ៍សហគម២០កុម្ភៈ ដាក់ពន្ធនាគារជាបណ្តៅអាសន្ន ក្រោមការចោទប្រកាន់ពីបទ « គ្រោះមហន្តរាយ » តាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
យោងតាមមាត្រា៤២ នៃច្បាប់នេះតម្រូវឲ្យដាក់ ពន្ធនាគារលើជនជាប់ចោទ ពី១ខែ ទៅ១ឆ្នាំ។ ជនជាប់ចោទ ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មាន អាស័យដ្ឋានស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកង អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន នៅទីតាំងចត្តាឡីស័កចាក់អង្រែក្រោម តាមបទបញ្ជារបស់ថ្នាក់លើ នឹងបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលធ្វើតេស្ដលើកចុងក្រោយរបស់គាត់ អវិជ្ជមានជំងឺកូវីដ-១៩ ពាក់ពន្ធក្នុងការអនុញ្ញាតិឲ្យស្ត្រីជនជាតិចិនមួយក្រុម ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា ។
បន្ទាប់មកនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នគរបាលជាតិបានបញ្ជូនសន្តិសុខរូបនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបានស្ថិតនៅលើលោក សិដ្ឋ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការបើកការសាកសួរ នឹងក្រោយពីបញ្ចប់ការសាកសួរហើយ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ពីបទ «គ្រោះមហន្តរាយ» ហើយចៅក្រមសើបសួរ បានចេញដីកាឃុំខ្លួនស្ថាបនិក ព្រលេងចុងសក់រូបនេះ ដាក់ពន្ធនាគាររងចាំកាតកាត់ទោស ៕