ឡាន Ford បុកកង់បីឥណ្ឌា មុខវត្តត្រពាំងច្រេស បណ្ដាលឲ្យព្រះសង្ឃ ៤អង្គ របួសធ្ងន់ស្រាល

0

ភ្នំពេញ៖ រថយន្ត Ford បុកកង់បីឥណ្ឌា បណ្ដាលឲ្យព្រះសង្ឃ ៤អង្គ រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង ៨៖១៥នាទី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៧៨ ទល់មុខវត្តត្រពាំងច្រេស ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមរបាយការណ៍របស់ នគរបាលស្រុកកូនមុំ បានឲ្យដឹងថា ព្រះសង្ឃរងគ្រោះទាំង ៤អង្គ មានព្រះនាម៖ ១.ព្រះនាម បេប កែវរត្រ័សុវណ្ណស៊ិន ព្រះជន ១៦ព្រះវស្សា រងរបួសធ្ងន់, ២.ព្រះនាម សាគុណ ភារុណ ព្រះជន ១៨ព្រះវស្សា រងរបួសធ្ងន់, ៣.ព្រះនាម ក ខាំលីន ព្រះជន ១៥ព្រះវស្សា រងរបួសស្រាល, ៤.ព្រះនាម សុខ ឃឿនសារឿម ព្រះជន ១៧ព្រះវស្សា រងរបួសស្រាល ។ ព្រះសង្ឃ ទាំង ៤អង្គ គង់នៅវត្តត្រពាំងច្រេស ស្រុកកូនមុំ ។

របាយការណ៍បន្តថា រថយន្តបង្កម៉ាកហ្វតពណ៌ទឹកប៊ិច ពាក់ស្លាកលេខ រតនគិរី 3A-3233 អ្នកបើកបរក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូកង់បីឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-2219 អ្នកបើកបរឈ្មោះ សុខ ឃឿន សាវឿន ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅវត្តត្រពាំងច្រេស គ្មានរបួសបានដឹកព្រះសង្ឃចំនួន ៤អង្គ មកដល់កន្លែងកើតហេតុ ក៏បានប៉ះគ្នាជាមួយ រថយន្តខាងលើតែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញ បានធ្វើការវាស់វែងកន្លែងកើតហេតុ ប្រមូលវត្ថុតាងយកមករក្សាទុក ដើម្បីបន្តនីតិវិធីច្បាប់ ។ ចំណែកព្រះសង្ឃ ត្រូវបានដឹកបញ្ជូន ទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកូមមុំ ៕