ភ្នំពេញ៖ វង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែង ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោងបានចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ និង ៦នាក់ទៀតរត់រួច។
យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថាប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០៖២០ នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។
សូមរំលឹកថា កន្លងមក លោក ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃទាំងយប់ ដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមលើសពីនេះ អភិបាលខេត្តពោធិ៍សាត់ តែងតែប្រឹងប្រែង ជួយសម្របសម្រួល ដោះស្រាយ រាល់ទុក្ខលំបាកបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងខេត្ត ក៏ដូចជាឧស្សាហ៍ចែកអំណោយ ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រជានិច្ច។
កត្តាទាំងនេះហើយដែលលោក ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋ គោរពស្រលាញ់ ចំពោះលោក៕