ភ្នំពេញ៖ ជនសង្ស័យបីនាក់ ត្រូវបានកងកម្លាំងប៉េអឹមក្រុងប៉ោយប៉ែត ក្របួចបាន ក្រោយធ្វើសកម្មភាព លួចម៉ូតូ និងទូរស័ព្ទដៃ កាលពីថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៌ត្រី នួន នីណារ៉ូ មេបញ្ជារការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានគ្នាបីនាក់រួមមាន៖
១/.ឈ្មោះ ហ៊ុន ម៉ៅ ហៅ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២/.ឈ្មោះ សុខ ភារុន ហៅ ប៉ែត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ
៣/.ឈ្មោះ ឆាន់ ចិន្ដា ហៅ ចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន អ្នកទាំង០២រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នេះ បានដកហូតវត្ថុតាង ដូចជា ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ស គ្មានស្លាកលេខ និងទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ពណ៌ស្វាយ ដូចដែលមានភិនភាគក្នុងពាក្យបណ្ដឹង។
ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូ និងទូរស័ព្ទដៃ ដែលមានភិនភាគដូចខាងលើ កាលពីថ្ងៃទី៥/ ខែមីនា ឆ្នាំ២០២១ ពិតប្រាកដមែន ហើយស្អែកឡើងថ្ងៃទី៦ ពួកគេបម្រុងនឹងយកម៉ូតូ ដែលលួចបានយកទៅបញ្ចាំ យកប្រាក់នៅម្ដុំក្លិបថាច់ដោន ក្នុងក្រុងប៉ោយប៉ែត ស្រាប់តែសមត្ថកិច្ច ឃាត់ខ្លួនបានតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចំណែកម៉ូតូ និងទូរស័ព្ទដៃ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុង ប្រគល់ឱ្យម្ចាស់ដើមវិញហើយ ៕



