ក្រសួងទេសចរណ៍ ព្រមានចាត់វិធានការ ផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្ម ទេសចរណ៍ ដែលមិនសហការ ផ្តល់ព័ត៌មានករណីកូវីដ

0

ភ្នំពេញ៖ ដើម្បីប្រសិទ្ធភាព ការងារទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែម ចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១៖ ចំពោះភ្ញៀវទេសចរ ជាជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលប្រទេសសាជាថ្មី ស្របតាមខ្លឹមសារមាត្រា ៥០ និងមាត្រា ៦៨ នៃច្បាប់ស្តីពីទេសចរណ៍ បានចែងថា ទេសចរ ឬអ្នកដំណើរកម្សាន្ត ដែលប្រព្រឹត្តល្មើសនឹងមាត្រា៥០ នៃច្បាប់នេះ អាចត្រូវលុបចោលទិដ្ឋាការទេសចរណ៍ ហើយបណ្ដេញចេញ ឬហាមឃាត់វត្តមានក្នុងតំបន់គោលដៅ ទេសចរណ៍នៃកម្ពុជា ក្នុងរយៈពេលកំណត់ណាមួយ ដែលមិនលើសពី ៥ ឆ្នាំ ឬជាអចិន្ត្រៃយ៍។

២៖ ចំពោះភ្ញៀវទេសចរ ជាជនជាតិខ្មែរ ត្រូវចាត់វិធានការ តាមផ្លូវច្បាប់។

៣៖ ចំពោះទីតាំងអាជីវកម្ម ទេសចរណ៍ ត្រូវដកហូត អាជ្ញាបណ្ណទេសចរណ៍ និងបិទអាជីវកម្មក្នុងទីតាំង ស្របតាមខ្លឹមសារមាត្រា ៤៤ និងមាត្រា ៤៨ នៃច្បាប់ស្តីពីទេសចរណ៍។ រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិដាក់ចេញនូវវិធាន ការអនុវត្តខាងលើនេះ ចំពោះមូលដ្ឋានអាជីវកម្មទាំងឡាយ ដែលស្ថិតក្នុងដែន សមត្ថកិច្ច គ្រប់គ្រងរបស់ខ្លួន៕