ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីបញ្ហាសាច់ជ្រូកឡើងថ្លៃ ដោយសារក្រុមឈ្មួញ ឃុបឃិត ជាមួយមន្រ្តីពុករលួយ កើបលុយ ចែកគ្នានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ថាវាគឺជាអំពើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ហើយត្រូវតែស្រាវជ្រាវ យកពួកឃុបឃិតគ្នានេះ មកដាក់ទោសឲ្យខាងតែបាន។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មតាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២១នេះថា«វាគឺជាអំពើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ហើយត្រូវតែស្រាវជ្រាវ ពួកគប់គិតមកដាក់ទោស ឲ្យខាងតែបាន»។
សវតារឿង៖ មូលហេតុសាច់ជ្រូកលក់ នៅលើទីផ្សារឡើងថ្លៃ ខ្ពស់កប់ពពក ត្រូវបានឈ្មួញរកស៊ីជ្រូក មួយចំនួន និងមន្ត្រីដឹងរឿងបង្ហើប ឲ្យដឹងថា ដោយសារតែឈ្មួញម្នាក់ បានឃុបឃិតគ្នា ជាមួយមន្ត្រីជំនាញ ពេទ្យសត្វ នៃក្រសួងកសិកម្ម ក្រោមរូបភាពយកច្បាប់ នីតិវិធី គោលការណ៍ និងពាក្យបច្ចេកទេស មកធ្វើជាឧបករណ៍បិតបាំង និងយកអាជីវករចិញ្ចឹមជ្រូក ក្នុងស្រុកមកធ្វើជាខែល បានធ្វើឲ្យឈ្មួញ និងមន្ត្រីទាំងអស់នោះមួយថ្ងៃៗ អាចកើបលុយ ពីអំពើឃុបឃិតគ្នា នេះ បានប្រាក់រាប់សែនដុល្លារចែកគ្នាចាយ។ ដើម្បីតម្លាភាព និងធ្វើឲ្យសាច់ជ្រូកលក់នៅលើទីផ្សារធ្លាក់ថ្លៃមកវិញ កុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ជាពិសេសក្នុងពេលបច្ចុប្បន្នកំពុងកើតជម្ងឺកូវីដ-១៩ ផងនោះ រាជរដ្ឋាភិបាល ឬអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតលើករណីនេះ តើវាជាអំពើពុករលួយរវាងឈ្មួញ និងមន្ត្រីធ្វើឲ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារឡើងថ្លៃពិតមែនឬអត់?
តែទោះជាយ៉ាងណាជុំវិញបញ្ហានេះត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសព័ត៌មានច្រាលចោលផងដែរ៕