តាចាស់ហើយ! ឈ្លោះប្រកែកតឹងសរសៃក ដាក់គ្នា តាវ័យ ៦៧ឆ្នាំម្នាក់ ទាញពូថៅកាប់ក្បាលគូទំនាស់របួសធ្ងន់

0

ភ្នំពេញ៖​ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​បង្ក​បួស​ស្នាម​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​៤៥​នាទី​ ចំណុច​អូរ​តា​ទិន​ ស្ថិត​ក្នុងភូមិ​សំឡាញ​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​ សល់​ វ៉ា​ន់​ថន​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ​ ជឿន​ ចេ​ន​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ទ្រាំ​មិន​បាន ក៏ស្ទុះ​ទៅ​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​ ។​

ក្រោយ​កើតហេតុ​ភ្លាមៗ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដឹក​បញ្ជូន ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ ពោធិ៍សាត់​ ហើយ​ជន​ដៃដល់​ត្រូវ​បាន​ កម្លាំង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រពើ​ពីរ​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​សល់​ វ៉ា​ន់​ថន​ គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ឈ្មោះ​សល់​ វ៉ា​ន់​ថន​ រួម​នឹង​វត្ថុ​តាង​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​