ភ្នំពេញ៖ បុរសពីរនាក់បើក រថយន្តដឹកត្រីក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តធំ ពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបរ និងព្រូកៀបក្នុងកាប៊ីន សំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសធ្ងន់ ។ ករណីនេះកើតនៅតាម បណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី៥ខែមីនាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា រថយន្តធំម៉ាកហ្វុយស្ស៊ូ ពាក់ផ្លាកលេខកំពង់ចាម3A.2784 ជាប្រភេទ រថយន្តសណ្ដោងរឺម៉ក ផ្លាកលេខខាងក្រោយកំពង់ចាម4A.0470។មានរថយន្តម៉ាក KIA ១តោនកន្លះពាក់ផ្លាកលេខ ភ្នំពេញ 2AJ.9751 មកបុករថយន្តធំ ពីក្រោយបណ្ដាលឱ្យអ្នកបើកបរ និងព្រូបានកៀបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់។ បន្ទាប់មកគេឃើញ អ្នកបើកបររថយន្តធំ បានបើកទ្វារចុះរត់ គេចខ្លួនបាត់ ៕



