ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យ បុរស២នាក់ មានទីលំនៅទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធ ដោយប្រយោលជាមួយ អ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារ ឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័ក នៅផ្ទះ ដើម្បីធ្វើការតាមដាន សុខភាព តែរូបគាត់មិនបានអនុវត្តន៍ តាមការណែនាំ ដោយបានចេញធ្វើដំណើរ ជាច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
យោងតាម គេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យ លើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យ លេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើ ចត្តាឡីស័កផ្សេងទៀត កំុឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕



