ភ្នំពេញ៖ ក្រោយសង្កេតឃើញ ស្ថានភាពរដ្ឋប្រហារយោធា នៅភូមា កាន់តែអាក្រក់ទៅៗ រហូតដល់មានការបាញ់សម្លាប់ ក្រុមបាតុករនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានពោលពាក្យថា ដោយសារតែអំណាច បានធ្វើឲ្យមនុស្សស្លូត ក្លាយទៅជាកាចរីឯមនុស្សឆ្លាត ក្លាយទៅជាល្ងង់ ហើយហ៊ានធ្វើអ្វីៗគ្រប់យ៉ាង គឺដើម្បីតែអំណាចខ្លួនខណៈឈាមយុវជនហូរ ដើម្បីភាពត្រឹមត្រូវ គឺជាការលះបង់ដ៏មានតម្លៃបំផុត ហើយអ្នកដែលបានធ្វើឲ្យឈាម យុវជនហូរដោយបំពាន ភាពត្រឹមត្រូវ គឺជាជនបិសាច។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១នេះថា ស្ថានភាពនៅមីយ៉ាន់មា គឺត្រូវតែរួមគ្នាសង្រ្គោះ ជាបន្ទាន់ ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក ពីព្រោះទង្វើរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា ផ្ទុយពីស្មារតីនយោបាយពិភពលោក ដោយអ្នកចាញ់ប្លន់អំណាច ពីអ្នកឈ្នះ ពីព្រោះនៅក្នុងរបបប្រកាន់ លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យគោរព តាមសម្លេងភាគច្រើន ប៉ុន្តែនៅមីយ៉ាន់ម៉ា ដើរផ្ទុយស្រលះ ពីស្មារតីលទ្ធិប្រជាធិបតេយ្យ390ដឺក្រេ ដូច្នេះដល់ពេលពិភពលោក ចូលសង្រ្គោះមីយ៉ាន់ម៉ា ចេញពីចង្កូមបិសាចស្រេកឃ្លាន អំណាចហើយ ម្យ៉ាងវិញទៀត សហគមន៍អាស៊ាន ក៏គួរវិសោធនកម្មធម្មនុញ្ញអាស៊ានផងដែ រពាក់ព័ន្ធមាត្រាមិនលូកដៃ កិច្ចការផ្ទៃក្នុង ប្រទេសជាសមាជិកគឺ ដើម្បីធានាបានសេចក្តីសុខរួម នៅក្នុងតំបន់អាស៊ានទាំងមូល។
ប្រធានគណបក្សវ័យក្មេង លោក ពេជ្រ ស្រស់បានសង្កត់ធ្ងន់ថា”យុវជនជាកម្លាំងស្នូល នៃប្រទេសជាតិប៉ុន្តែ យុវជនក៏ត្រូវដឹងថាភាពត្រឹមត្រូវ សម្រាប់ជាតិនិងភាពត្រឹមត្រូវ របស់ច្បាប់ឲ្យច្បាស់លាស់ ដែរ មិនមែនធ្វើសកម្មភាព ប្រឆាំងនឹងច្បាប់នោះឡើយ។ ជាក់ស្តែងយុវជនមីយ៉ាន់ម៉ា ក្រោកឡើងតវ៉ា គឺវាជារឿងត្រឹមត្រូវបំផុត ដោយហេតុថា៖ អ្នកមានកាំភ្លើងប្លន់អំណាច ពីអ្នកឈ្នះ ដូច្នេះក្នុងនាមសមាជិក អ្នកឈ្នះ ត្រូវតែក្រោកឡើង ការពារភាពឈ្នះរបស់ខ្លួន គឺមិនមែនចាញ់គេ ហើយនាំគ្នាទៅដណ្តើម ភាពឈ្នះពីអ្នកឈ្នះនោះឡើយ។ ពិភពលោកសុខសាន្ត គឺមនុស្សជាតិរុងរឿង” ៕








