ភ្នំពេញ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុករមាសហែក នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ បានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនចោរ ០២នាក់ ក្រោយធ្វើសកម្មភាព ចូលលួចប្រាក់ព្រះសង្ឃ ក្នុងវត្តកំពង់ត្រាច ស្រុករមាសហែក។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានអោយដឹងថា ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆាន ចង្ហាន់ច្រង់ មានជនសង្ស័យ ០២នាក់ ដែលមានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ ២៥ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូ ម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និង ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889 បានធ្វើ សកម្មភាពឡើងទៅលើកុដ្ឋ រួចហើយលួចយកប្រាក់ របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។
ទទួលបានសេចក្តីរាយការណ៍ តាមទូរស័ព្ទភ្លាមៗ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានបញ្ជាទៅដល់គ្រប់គោលដៅ ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅ អនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេញតាម ពីក្រោយរហូតធ្វើការឃាត់ខ្លួន ជនសង្ស័យបានទាំង ០២ នាក់ ព្រមទាំងដកហូតបានម៉ូតូ ដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កសាងសំណុំរឿង ចាត់ការតាមច្បាប់៕