ភ្នំពេញ៖ គួរឲ្យអាណិតអាសូរណាស់ កុមារីពិការម្នាក់បានឈោងយកបាល់ ក៏ជ្រុលធ្លាក់ចូលក្នុងអាងទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
កុមារីរងគ្រោះមានឈ្មោះ រ៉ា សុខជា អាយុ៨ឆ្នាំ ជាជនមានពិការភាព ជើងពីត្រឹមចង្កេះ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្បែរផ្ទះមានអាងទឹកមួយ ដែលមានជំរៅជាងកន្លះម៉ែត្រ មានទឹកនៅក្នុងអាងពេញ នៅមុនពេលកើតហេតុ កុមារីនៅលេងក្បែរផ្ទះដូចរាល់ដង ដល់ពេលបាត់ក្មេងស្រីយូនេះពេក ឪពុកម្តាយ ក៏ទៅរកមើលឃើញកូនស្រីរបស់ខ្លួន បានលង់ទឹក ស្លាប់បាត់ទៅហើយ នៅក្នុងអាងទឹកនោះ មានរូបសត្វធ្វើពីជ័រ និង បាល់១ក្នុងអាងទឹកនោះ ។ សមត្ថកិច្ចសន្និដ្ឋានថា ក្មេងរងគ្រោះអាចជិះរូបសត្វនោះនៅខាងលើ និង លេងជាមួយនិងបាល់នោះ ប៉ុន្តែពេលដែលលេងនោះ ទៅដល់ក្បែរមាត់អាង បាល់អាចធ្លាក់ទឹកក្មេងស្រីរងគ្រោះព្យាយាមយកបាល់នោះ ក៏បណ្តាលឲ្យធ្លាក់ចូលក្នុងអាង លង់ស្លាប់ដោយគ្មានអ្នកដឹងតែម្តង ។
សមត្ថកិច្ច បញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕