សាហាវ! ជនសង្ស័យ១ក្រុម ជិះម៉ូតូដេញបាញ់យុវជន ៣នាក់ ដួលពេញផ្លូវ ផ្អើលដល់សមត្ថកិច្ច ២ខណ្ឌ ចេញបង្ក្រាប

0

ភ្នំពេញ៖ យុវជន ៣នាក់ កំពុងជិះម៉ូតូ ១គ្រឿងនៅតាមដងផ្លូវសុខៗ ស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ និងកាំភ្លើង បានធ្វើសកម្មភាពដេញកាប់ និងបាញ់ ពួកគេបណ្ដាលឲ្យដួលម៉ូតូរងរបួសពេញខ្លួន ផ្អើលដល់សមត្ថកិច្ច ២ខណ្ឌចេញធ្វើអន្តរាគមន៍ដេញចាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២៖២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០១១ ក្បែរសាលាមតេ្តយ្យសាមគ្គី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគេទាំង ៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1AP-5822 ទើបនឹងចេញមកពីលេងផ្ទះបង ក្នុងគោលបំណងត្រឡប់ទៅកន្លែង ស្នាក់នៅវិញនៅឯច្បារអំពៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវ និងកាំភ្លើងមួយដើមមិនស្គាល់ម៉ាក សង្ស័យជាកាំភ្លើងប្រើខ្យល់ ជិះមកកៀរឲ្យពួកគេឈប់រួចទាញដាវកាប់ និងដកកាំភ្លើងបាញ់ ២ទៅ៣គ្រាប់ដោយមិនឮសំឡេងឡើយ សង្ស័យតែកាំភ្លើងប្រើខ្យល់ តែសំណាងល្អពួកជនសង្ស័យបាញ់ពួកគេមិនត្រូវ។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះពួកគេភ័យស្លន់ស្លោ បានដួលម៉ូតូរងរបួសពេញខ្លួន រួចក៏នាំគ្នារត់យករួចខ្លួនសិន ខណៈនោះក៏ប្រទះនឹង កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍នេះ ក៏នាំគ្នាចេញធ្វើអន្តរាគមន៍ និងសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់ជនសង្ស័យភ្លាមៗ តែជនសង្ស័យបានបំបែកគ្នា ជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រគល់ជនរងគ្រោះ និងម៉ូតូឲ្យទៅកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាំង ដើម្បីធ្វើការសួរនាំបន្ត ៕