ភ្នំពេញ៖ បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា សិស្សសាលា ៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយជិះម៉ូតូឌុបគ្នាវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តសាំងយ៉ុង ១គ្រឿងពេញទំហឹង ដួលបោកក្បាលនឹងថ្នល់ ។ ហេតុការណ៍កើតឡើង កាលពីម៉ោង ៩ព្រឹកថ្ងៃ៤ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ម្តុំមុខសាលាបឋមសិក្សា .អនុវិទ្យាល័យសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភាគីខាងម៉ូតូមួយគ្រឿងម៉ាក HONDA-SCOPPY ពណ៌ស គ្មានស្លាកលេខ ជិះឌុបគ្នា៣នាក់ មានទិសដៅ(ភ្នំពេញ-ខេត្តព្រះសីហនុ) មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកជ្រុលចូលមកចំណែកផ្លូវម្ខាងទៀត រួចក៏បុកនឹងរថយន្ត មួយគ្រឿងម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ស្លាក លេខភ្នំពេញ 2AQ-8400 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ចុះគេចខ្លួនក្រោយពេលកើតហេតុ) បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕






