នោះ! ស្ត្រីម្នាក់ជាអ្នកមើលថែ កូនឲ្យថៅកែពេជ្រ ទ្រី ដាណា រស់នៅយូរដឹងចិត្ត ហ៊ានលួចលុយចៅហ្វាយជាង ១ម៉ឺនដុល្លារ

0

ភ្នំពេញ៖ ស្ត្រីម្នាក់ជាអ្នកមើលថៃទាំកូន ឲ្យថៅកែហាងពេជ្រល្បីឈ្មោះ ទ្រី ដាណា រស់នៅយូរៗទៅដឹងចិត្ត បានលួចលុយម្ចាស់ខ្លួនចំនួន ១២.០០០ដុល្លារ ។ ស្ត្រីរូបនេះ ក៏ត្រូវបានចាប់ខ្លួន ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឲ្យដឹងថា កម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលជនសង្ស័យម្នាក់ពីបទលួចលុយពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ (មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យ ហើយយកមកធ្វើការសាកសួរ នៅមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយ ចំនួន ១ម៉ឺន២ពាន់ដូល្លារ របស់លោកស្រី ទ្រី ដាណា ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ៕