ចាប់ជនសង្ស័យជាគូស្នេហ៍ ២នាក់ រឿងលួចលុយជាង ៥ពាន់ដុល្លារ ធ្លាយរឿងពាក់ព័ន្ធគ្រឿងញៀន ១ករណីទៀត

0

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលខណ្ឌមានជ័យ នៅព្រលប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានចាប់ជនសង្ស័យទាំង ២នាក់ ករណីលួចលុយចំនួន ៥.៦០០ដុល្លារ និងពាក់ព័ន្ធញៀន។ ជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ នៅត្រង់ផ្ទះសំណាក់ជ័យមង្គល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ខណ្ឌ៧មករា ។ ជនសង្ស័យចំនួន ២នាក់ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៥១L ផ្លូវលេខ២ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជនសង្ស័យទាំង ២នាក់មានសារធាតុញៀន។

វត្ថុតាងចាប់បានម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IR-4235 លេខតួនិងលេខម៉ាស៊ីន 5921622/។ ម្សៅពណ៌សថ្លាចំនួន ៤កញ្ចប់ធំ និងកញ្ចប់តូច ចំនួន៣សម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួន។ ជនសង្ស័យរួមនឹងវត្ថុតាងនគរបាល ខណ្ឌដង្កោបានចាត់ការតាមនីតិវិធីច្បាប់ ៕