ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កុលកំពូលកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ គង់ ប៊ុនហ៊ាង ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតយោធិនចូលនិវត្ត រស់នៅស្រុកសង្កែ ខេត្ត បាត់ដំបង។ឈ្មោះ ហង្ស សេង អាយុ៧០ឆ្នាំ រស់នៅស្រុកសង្កែខេត្តបាត់ដំបងដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោស១ឆ្នាំពាក់ព័ន្ធនិងបទល្មើស “ប្រមាថព្រះម ហាក្សត្រ”។
សូមបញ្ជាក់ថាតុលាការបានចោទប្រកាន់បុរសវ័យចំណាស់ទាំង២នាក់ពីបទ « ប្រមាថព្រះមហាក្សត្រ » តាមបញ្ញតមាត្រា ៤៣៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
ជនជាប់ចោទឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង បាននិយាយនៅក្នុងសាលសវនាការថា កាលពីថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២០ ឈ្មោះ គង់ ប៊ុនហ៊ាង បានទូរស័ព្ទទៅឈ្មោះ ហង្ស សេង ដោយសួរថា ៖ តើបានទទួលអំណោយដែរទេក្នុងពេលទឹកលិចនេះ ?
ពេលនោះឈ្មោះ ហង្ស សេង បានឆ្លើយថា មិនបានអំណោយទេ គឺបានតែគ្នាវាប៉ុណ្ណោះ ទោះក្រដល់ស្លាប់ ក៏មិនចង់បានអំណោយនេះទេ ។ក្នុងពេលសវនាការកន្លង ទៅតំណាងអយ្យការ បានចាត់ទុកការប្រមាថនោះ មានភាពធ្ងន់ធ្ងរ មិនអាចអត់អោនឱ្យបាន និងស្នើឱ្យលោកចៅក្រម សម្រេចផ្ដន្ទាទោស ជនជាប់ចោទទៅតាមផ្លូវច្បាប់ ។
សូមជម្រាបថា ជនជាប់ចោទមុនពេលឃាត់ខ្លួន បានលើកឡើងថា បើមានជាតិក្រោយកើត ជានាយករដ្ឋមន្ត្រី មិនឱ្យមានស្ដេចឡេឡឺ ស៊ីប្រាក់ខែមិនធ្វើការ និងការប្រមាថ ដោយពាក្យអសុរស អគតិ អាក្រក់ស្ដាប់ជាច្រើនទៀត ដែលមានរយៈពេលនៃការសន្ទនា ប្រមាណជា១០នាទី។ ឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង បានទទួលស្គាល់ថា ពាក្យជេរប្រមាថអស់នោះ គឺចេញមកពីមាត់របស់ពួកគាត់ពិតៗ ដោយសារតែផឹកគ្រឿង ស្រវឹង៕