ស៊យនោះស៊យ! លួចម៉ូតូកង់បីកញ្ចាស់បានហើយ ជិះគេចបានបន្តិចអស់សាំង…

0

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ខណ្ឌដង្កោពេលកំពុងល្បាត បានចាប់ជនសង្ស័យ ៣នាក់ ដែលលួចម៉ូតូកង់បីពីពលរដ្ឋម្នាក់ ហើយបើកចេញទៅតែអស់សាំង។ ករណីនេះកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិប្រកាសង្កាត់ព្រៃស ខណ្ឌដង្កោ ។

បន្ទាប់ពីបណ្តើរម៉ូតូកង់បីអស់សាំង ពេលឃាត់ខ្លួនសាកសួរ ក៏បែកធ្លាយលួចរ៉ឺម៉កម៉ូតូកង់បី ចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបដល់ព្រឹកឡើងក៏ទំនាក់ទំនង ទៅនគរបាលខណ្ឌពោធិ៍សែនជ័យ មកយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១ វិញ។

ជនសង្ស័យឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ ៣១ឆ្នាំ ឈ្មោះ លី មករា ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកទាំង៣នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ ម្ចាស់ម៉ូតូកង់បីនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូកង់បីដែលជនសង្ស័យ ធ្វើសកម្មភាពលួច ម៉ាក ហុងដាវ៉េវ ពាក់ផ្លាកលេខ 1J-4639 សណ្តោងរ៉ឺម៉ក ត្រូវបានដកហូតយកមកវិញ ៕