ក្ដៅៗ! ស្ត្រីជនជាតិវៀតណាម ២នាក់ មានផ្ទុកវីរុសកូវីដ១៩ បានជិះតាក់ស៊ីពីភ្នំពេញ ទៅក្រុងបាវិត ក្នុងបំណងទៅប្រទេសខ្លួនវិញ តែ…

0

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសឲ្យដឹងថា មានស្ត្រីជនជាតិវៀតណាម ២នាក់ ដែលមានផ្ទុកវីរុសកូវីដ១៩ បានជិះរថយន្តតាក់ស៊ី ពីភ្នំពេញ ទៅក្រុងបាវិតខេត្តស្វាយរៀង ប៉ុន្តែដោយគ្មានេកសារគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែន និងបានឲ្យត្រឡប់មកក្រោយវិញ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ មីនានេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាមចំនួន ២នាក់ (អាយុ ២៨ឆ្នាំ និងអាយុ ២៧ឆ្នាំ ស្នាក់នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ) បានធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ម៉ាក ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃដដែល ក្នុងគោលបំណងចេញទៅប្រទេសវៀតណាម ។ ដោយសារមានឯកសារ មិនគ្រប់គ្រាន់ និងមានភាពមិនប្រក្រតី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យឆ្លងដែន និងបានឲ្យត្រឡប់មកក្រោយវិញ។ បន្ទាប់មកពួកគាត់បានមកស្នាក់នៅ សណ្ឋាគារហេងហេង សិរីរ័ត្ន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ប៉ុន្តែដោយទទួលបានព័ត៌មានពី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានការសង្ស័យ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត បានចុះណែនាំឲ្យពួកគាត់អនុវត្តឲ្យបានខ្ជាប់ខ្លួនស្របតាមវិធានការ សុខាភិបាល ព្រមទាំងបានយកសំណាក ទៅធ្វើតេស្ត លើកទី១ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលទ្ធផលតេស្តដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ ស្ត្រីទាំង ២នាក់ខាងលើ មានវិជ្ជមានជំងឺកូវីដ-១៩ ។ ថា

ទាក់ទិនករណីនេះដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្ត បានអំពាវនាវ ដល់អ្នកដែលមានការពាក់ព័ន្ធ ឬដឹងថាខ្លួនប៉ះពាល់ជាមួយនឹង ស្ត្រីជនជាតិវៀតណាមខាងលើ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា ដោយត្រូវទៅជួបក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្តកម្រិត២ ក្រុងបាវិត ឬទំនាក់ទំងតាមរយៈទូរស័ព្ទ លេខ ០៨៨ ៦៣ ៨២ ៧០០ ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ តទៅ ដើម្បីក្រុមការងារពិនិត្យ យកវត្ថុសំណាកតេស្តរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល ។

សូមអានសេចក្ដីប្រកាសព័ត៌មាន លម្អិតបន្ថែមរបស់រដ្ឋបាលខេត្តស្វាយរៀង៖